គន្លឹះទាំង ៧​ ដែលជួយកុំឱ្យភ្នែកចាស់ជាងវ័យ

image

ជាការពិតណាស់ ស្បែកនៅត្រង់បរិវេណភ្នែកជាតំបន់ដែលមានសភាពស្តើង និងរស់ហើយងាយនឹងទទួលការខូចខាត។ ការលេចឡើងជាស្នាមជ្រីវជ្រួញត្រង់កន្ទុយភ្នែក ក្រោមភ្នែក និងសភាពជាំ ឬឡើងខ្មៅនៅជុំវិញភ្នែក ជាបញ្ហាមួយដែលអ្នកទាំងអស់គ្នាមានកង្វល់ស្រាប់ទៅហើយខណៈពេលដែលអាយុកាន់តែច្រើន ព្រោះវាជាផ្នែកមួយដែលស្តែងចេញច្បាស់ជាងគេនូវការវិវឌ្ឍទៅរកភាពចាស់ ក៏ប៉ុន្តែអ្នកក៏ត្រូវប្រឈមមុខនឹងកត្តាជាច្រើនទៀត ដែលត្រូវបានដឹងថាជាមូលហេតុនៃឥទ្ធិពលអាក្រក់នេះ។ ដោយឡែក ក្នុងនោះកត្តាទាក់ទិននឹងភ្នែកដែលត្រូវបំពេញ មុខងារជារៀងរាល់ថ្ងៃ បែរជាត្រូវបានមើលរំលងទៅវិញ។ 

តើភ្នែកមានទំនាក់ទំនងយ៉ាងណាជាមួយភាពចាស់របស់ផ្ទៃមុខ?
១.ការប្រើប្រាស់លេនដាក់ភ្នែក
មិនទាក់ទងនឹងឥទ្ធិពលរបស់លេនទេ តែសំដៅដល់របៀបពាក់លេន ដែលជាទូទៅតម្រូវឱ្យមានការទាក់ទាញស្បែកដើម្បីសូកបញ្ចូលលេនទៅក្នុងភ្នែក។ ប្រព្រឹត្តទង្វើបែបនេះច្រំដែល អាចឱ្យស្បែកមានសភាពយារ បាត់បង់ភាពរស់ និងហាប់ណែន។ 

២.ការផ្តល់សម្ពាធដល់ភ្នែក
ដូចការពាក់វែនតាម៉ូតធំៗ ឬដងធ្ងន់ជាប្រចាំអាចចាត់ទុកថាជាការផ្តល់សម្ពាធដល់ភ្នែក ដែលហុចផលអាក្រក់ដល់ស្បែក ពិសេសក្រោមភ្នែកនិងសងខាងស្លាបច្រមុះដោយបន្សល់នូវស្នាមជាំខ្មៅដែលឃើញច្បាស់។ 

៣. ការប្រើប្រាស់គ្រឿងសំអាងទៅលើភ្នែក
ជាក់ស្តែងពពួក eyeliner ដែលជាទីពេញនិយមរបស់ស្រ្តីក៏អាចបង្កជាស្នាមជ្រីវជ្រួញដែរ ដោយសាររបៀបនៃការគូសក៏ដូចជាការជូតសម្អាតវិញ ធ្វើឱ្យស្បែកទទួលរងការកកិត។ ក្នុងនោះការប្រើគ្រឿងសំអាងសម្រាប់ភ្នែកផ្សេងៗដែលគ្មានគុណភាព ក៏អាចបណ្តាលឱ្យស្បែកដ៏ស្តើងនៅតំបន់ភ្នែកទទួលរងការខូចខាតផងដែរ។

៤. ការប្រើប្រាស់ភ្នែកហួសកម្រិត
ការប្រឹងសម្លឹងមើលអ្វីមួយក្នុងរយៈពេលយូរ មិនត្រឹមតែជះឥទ្ធិពលដល់សមត្ថភាពក្នុងការមើលរបស់ភ្នែកទេ ថែមទាំងអាចធ្វើឱ្យភ្នែករបស់អ្នកមានការនឿយហត់ដែលសម្តែងឡើងតាមរយៈស្បែកនៅជុំវិញភ្នែកឡើងខ្មៅ។

៥. ជ្រួញចិញ្ចើមដោយការចាញ់ពន្លឺ
វាជារឿងធម្មតាដែលយើងនឹងជ្រួញចិញ្ចើមនៅពេលដែលប្រឈមមុខនឹងពន្លឺអ្វីមួយ ដោយមិនអាចចៀសបាន ការធ្វើបែបនេះញឹកញាប់ ឬក្នុងរយៈពេលយូរនឹងបង្ហាញឡើងឱ្យឃើញនូវភាពជ្រីវជ្រួញជាមិនខាន។

៦. ការញីភ្នែកញឹកញាប់
នេះអាចជាទម្លាប់មួយរបស់មនុស្សមួយចំនួន ជាពិសេសក្រោយពេលភ្ញាក់ពីគេង។ ដោយឡែក ការរកាំភ្នែក ស្ងួត រមាស់ភ្នែក ឬជំងឺភ្នែកមួយចំនួនទៀតក៏អាចជាមូលហេតុដែលឱ្យអ្នកធ្វើការញីភ្នែកញឹកញាប់ដោយមិនដឹងខ្លួនដែរ។

៧. ការមិនទៅជួបគ្រូពេទ្យភ្នែកទៀងទាត់
ពិសេសចំពោះអ្នកមានបញ្ហាភ្នែក ឬមួយម្ញូប ដែលទាមទារឱ្យធ្វើការតាមដានការវិវឌ្ឍរបស់វា ដើម្បីធ្វើការតម្រូវការព្យាបាល ឬប្តូវវែនតាចំពោះអ្នកម្ញូប។

ទន្ទឹមនឹងនេះ អ្នកគួរស្វែងយល់នូវគន្លឹះផ្សេងៗទាក់ទងនឹងការថែទាំសុខភាពភ្នែកក៏ដូចជាសុខភាពស្បែកដទៃទៀតដើម្បីជាជំនួយ និងពន្យានូវភាពចាស់របស់អ្នក និងជាពិសេសចៀសវាងសម្រេចធ្វើការព្យាបាល ឬប្រើប្រាស់នូវផលិតផលដែលមិនគួរទុកចិត្តណាមួយដោយខ្លួនឯង។
 

អត្ថបទដោយ៖ KiloHEALTH​