
ជំងឺកន្ទុយថ្លែនជាអ្វី?
ជំងឺកន្ទុយថ្លែន ជាប្រភេទជំងឺដែលកើតមាននៅលើភ្នាសនៃភ្នែក ដោយមានការដុះឡើងនូវភ្នាស ពណ៌សមានរាងដូចស្លាបសត្វ ឬរាងជាត្រីកោណ និងមានសរសៃឈាមដុះមកជាមួយ។ ភ្នាសកន្ទុយ ថ្លែន អាចមានការលូតលាស់ពីកម្រិតតូចស្តើងទៅកាន់កម្រិតធំក្រាស់ ដែលភ្នាសនេះ អាចដុះគ្របលើ កញ្ចក់ភ្នែក ដោយចាប់ផ្តើមលូនបន្តិចម្តងៗ ពីគែមនៃកញ្ចក់ភ្នែកទៅកាន់ផ្នែកកណ្តាល នៃកញ្ចក់ភ្នែក រហូតដល់បាំងកូនក្រមុំភ្នែក ប្រសិនបើមិនបានធ្វើការការពារ និងព្យាបាលអោយបានត្រឹមត្រូវ។
រោគសញ្ញានៃជំងឺកន្ទុយថ្លែន៖
ជាទូទៅជំងឺកន្ទុយថ្លែនមិនបង្កការឈឺចាប់ខ្លាំងនោះទេប៉ុន្តែ វាអាចធ្វើឱ្យ អ្នកជំងឺមានអាការៈមិនស្រួលដូចខាងក្រោម៖
- ក្រហមភ្នែក នៅត្រង់ភ្នាសកន្ទុយថ្លែន ដែលមានរលាក
- ផ្សាភ្នែក ក្តៅក្នុងភ្នែក និងរកាំភ្នែក
- ស្រវាំងភ្នែក ក្នុងករណីភ្នាសកន្ទុយថ្លែនដុះធំក្រាស់មកលើកញ្ចក់ភ្នែក ឬដុះបាំងកូនក្រមុំភ្នែក
- មានអារម្មណ៍ថាក្រហាយ ហាក់ដូចជាមានម្សៅចូលភ្នែក។
កត្តាប្រឈមដែលអាចបង្កឱ្យកើតជំងឺកន្ទុយថ្លែន៖
- ភាពកខ្វក់នៃបរិស្ថាន និងបរិយាកាសដែលមានធូលី និងប៉ះខ្យល់ខ្លាំង
- អាយុកាន់តែច្រើន កាន់តែធ្វើឱ្យអ្នកប្រឈមខ្ពស់នឹងការកើតជំងឺកន្ទុយថ្លែន
- ការប៉ះជាមួយកាំរស្មីព្រះអាទិត្យខ្លាំង ដែលជះមកលើភ្នែកជាញឹកញាប់ ការស្រាវជ្រាវបាន
រក ឃើញថា អត្រានៃអ្នកកើតជំងឺកន្ទុយថ្លែនដែលទទួលកាំរស្មីព្រះអាទិត្យ (កាំរស្មីUV)
កម្រិតខ្ពស់ គឺប្រជាជនដែលធ្វើការក្រោមពន្លឺព្រះអាទិត្យខ្លាំង។
មូលហេតុនៃជំងឺ៖
អាចកើតឡើងដោយសារតែភ្នែកត្រូវកាំរស្មីយូវី នៃពន្លឺព្រះអាទិត្យជាប់គ្នាយូរឆ្នាំ បណ្តាលឱ្យកោសិកានៅភ្នែកបង្កើតនូវសារធាតុប្រូតេអ៊ីន និងជាតិខ្លាញ់ច្រើនជាងធម្មតា ដែលក្រោយ មកក្លាយជាដុំ ឬបន្ទះក្រាស់នៅជិតកញ្ចក់ភ្នែក
រោគវិនិច្ឆ័យនៃជំងឺកន្ទុយថ្លែន៖
- ការរករោគវិនិច្ឆ័យឱ្យបានត្រឹមត្រូវ រួមជាមួយនឹងការប្រឹក្សាយោបល់ជាមួយគ្រូពេទ្យឯកទេស ផ្នែកចក្ខុសាស្ត្រ ឬចក្ខុមាត្រការី ជាកត្តាចម្បងក្នុងការការពារ និងព្យាបាលជំងឺកន្ទុយថ្លែន
- ការពិនិត្យផ្ទាល់ទៅលើលក្ខណៈសណ្ឋាន និងរូបរាងនៃភ្នាសកន្ទុយថ្លែនអាចឱ្យគ្រូពេទ្យរក រោគវិនិច្ឆ័យនៃជំងឺកន្ទុយថ្លែនបានដោយជាក់លាក់។
ការការពារជំងឺកន្ទុយថ្លែន៖
គួរចៀសវាងមិនឱ្យភ្នែកត្រូវពន្លឺព្រះអាទិត្យ ខ្យល់ ធូលី និងផ្សែង គួរពាក់វ៉ែនតាការពារកំដៅថ្ងៃ នៅពេលដែលចេញទៅក្រៅត្រូវកំដៅថ្ងៃខ្លាំង កុំគេងយប់ពេក កាត់បន្ថយ ការទទួលទានជាតិស្រវឹង និងបិទភ្នែកដើម្បីសម្រាកភ្នែកជាប្រចាំ ឬមើលឆ្ងាយប្រហែលជា ២-៣នាទី
រៀងរាល់មួយម៉ោងម្តងនៅពេលដែលអានសៀវភៅ ឬធ្វើការដែលចាំបាច់មើលវត្ថុក្នុងរយៈចម្ងាយជិត
វិធីព្យាបាលជំងឺកន្ទុយថ្លែន៖
ជំងឺកន្ទុយថ្លែនមិនអាចព្យាបាលជាសះស្បើយតាមរយៈការបន្តក់ថ្នាំភ្នែកឡើយ ឯវិធីព្យាបាលមាន លក្ខណៈខុសៗគ្នាទៅតាមអាការៈនៃជំងឺ និងកម្រិតនៃភ្នាសកន្ទុយថ្លែន។ រឿងដែលគួរប្រុងប្រយ័ត្ន នោះ ការវះកាត់ព្យាបាលមិនបានត្រឹមត្រូវល្អអាចធ្វើឱ្យអត្រានៃការដុះភ្នាសកន្ទុយថ្លែនឡើងមកវិញ មានកាន់តែខ្ពស់។ ការពិនិត្យ និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យឯកទេស អាចជួយអ្នកក្នុង ការការពារ និងកាត់បន្ថយការដុះលូតលាស់លឿននៃភ្នាសកន្ទុយថ្លែន។
អត្ថបទដោយ៖ KiloHEALTH