
រឿងមករដូវមានតែស្រីៗ យើងទេដឹងច្បាស់ ប៉ុន្តែមួយចំនួននៅតែមិនដឹងពីមូលហេតុរដូវមកមិនទៀង ទាត់។ ម្ដងមកមុន ម្តងមកលើស។
អ្វីទៅជាការមករដូវមិនទៀង?
ជាទូទៅ ស្រ្តីមានវដ្ដរដូវចន្លោះពី ១១-១៣ ដងក្នុងមួយឆ្នាំ ប៉ុន្តែគ្នាយើងខ្លះអាចមកតិចដង និងខ្លះទៀតមកច្រើនជាងនេះ។ ដើម្បីដឹងថារដូវមកទៀងទាត់ ឬអត់គួរចំណាំការមករដូវយើងខ្លួនឯង ប្រសើរជាងប្រៀបធៀបជាមួយនរណាផ្សេង។ អំឡុងពេលប៉ុន្មានឆ្នាំដំបូងស្រីៗ ទើបមានរដូវអាច នឹងមករដូវមិនទៀងទាត់ដោយសារអ័រម៉ូននៃវដ្តរដូវត្រូវការពេលដើម្បីបង្កើតតុល្យភាព ហើយបើយើង ឈានដល់វ័យត្រូវអស់រដូវ ក៏អាចជួបប្រទះនឹងបញ្ហានេះដូចគ្នា។ នៅមានមូលហេតុជាច្រើន ទៀតនាំឱ្យយើងមានរដូវមិនទៀងដូចជា៖
១. អត់តុល្យភាព
នៅពេលទម្ងន់ឡើងចុះ នាំឱ្យតុល្យភាពអ័រម៉ូនក្នុងខ្លួនងាយចុះខ្សោយ ដែលជាហេតុប៉ះពាល់ ដល់ការមករដូវប្រចាំខែ។ ធ្វើការងារធ្ងន់ៗ ឬអារម្មណ៍តានតឹង ក៏ជាមូលហេតុនាំឱ្យមករដូវមិនទៀង ដែរ។
២. ពន្យារកំណើត
គ្នាយើងច្បាស់ជាធ្លាប់សង្កេតឃើញមានឈាមធ្លាក់បន្ទាប់ពីរដូវ ពេលយើងប្រើថ្នាំគ្រាប់ ពន្យារកំណើត ឬកងដាក់ក្នុងស្បូន។ បើទោះករណីដាក់កងក្នុងស្បូនកម្រធ្វើឱ្យរដូវមកមិនទៀងមែន ប៉ុន្តែការប្រើ កងអាចជួបបញ្ហាមួយចំនួនដូចជារដូវធ្លាក់ខ្លាំង ឬឈឺចាប់ខ្លាំងពេលមករដូវម្តងៗ។ មួយវិញទៀត ធ្លាក់ឈាមតិចៗជារឿងធម្មតា បើទើបតែចាប់ផ្ដើមប្រើថ្នាំគ្រាប់ពន្យារកំណើត ហើយវានឹងបាត់ទៅវិញ ប៉ុន្មានខែក្រោយ។
៣. ដុំគីសទឹកក្នុងដៃស្បូន
ដុំគីសក្នុងដៃស្បូន ជាជំងឺម្យ៉ាងកើតមាននៅពេលដុំគីសផ្ទុកដោយទឹកវិវត្តនៅក្នុងដៃស្បូន។ រោគសញ្ញា ជំងឺនេះបង្កភាពមិនប្រក្រតីក្នុងការមករដូវ ដូចជា មករដូវមិនទៀងទាត់ រដូវមកតិច ឬរាំងរដូវតែម្តងក៏មាន។ មូលហេតុ គឺក្នុងជំងឺដុំគីសដៃស្បូនមានការវិវត្តអូវុលមិនប្រក្រតី ជាហេតុនាំ ឱ្យប៉ះពាល់វដ្ដរដូវ។
៤. រោគស្ត្រី
ករណីមានផ្ទៃពោះឥតព្រាងទុក រលូតកូន និងបញ្ហាផ្សេងទៀតក្នុងស្បូន ឬដៃស្បូន អាចបង្កឱ្យ ធ្លាក់ឈាមដូចគ្នា។ ជាទូទៅ ពេលយើងមានបញ្ហាមករដូវមិនទៀងទាត់ គួរទៅជួបជាមួយគ្រូពេទ្យ ឯកទេស រោគស្ត្រី ដើម្បីពិនិត្យ ប្រឹក្សាយោបល់ និងព្យាបាលឱ្យបានត្រឹមត្រូវ។
៥. ជំងឺទាក់ទងនឹងក្រពេញទីរ៉ូអ៊ីត
អាចជារឿងកម្រ តែបើយើងមានបញ្ហាក្រពេញទីរ៉ូអ៊ីត អាចនឹងជួបប្រទះបញ្ហាមករដូវមិនទៀងទាត់ ព្រោះក្រពេញទីរ៉ូអ៊ីតស្ថិតនៅនឹងក មានតួនាទីផលិតអ័រម៉ូនបំបែកចំណីអាហារ។ ម្ល៉ោះហើយ យើងគួរ ពិនិត្យឈាមដើម្បីដឹងពីកម្រិតអ័រម៉ូនក្រពេញទីរ៉ូអ៊ីត ពេលណាមករដូវមិនទៀង។
៦. កត្តាផ្សេងទៀតអាចនាំឱ្យរដូវមិនទៀងទាត់
អ្វីដែលធ្វើឱ្យរដូវមិនទៀង មិនមែនមានតែប៉ុន្មានចំណុចរៀបរាប់ខាងលើទេ ប៉ុន្តែខាងក្រោមនេះ ក៏អាចជាឫសគល់ដែរ៖
- បំបៅដោះ
- ប្រើថ្នាំញៀន
- ព្យាបាលដោយគីមី និងកាំរស្មី
- ជំងឺពោះវៀនធំ របេង ថ្លើម និងទឹកនោមផ្អែម
- សន្ទះព្រហ្មចារីបិទមិនជិតពីកំណើត
- អាសន្នរោគ (Asherman’s syndrome)។
ចាំថាបើទោះជាយើងមិនមករដូវក៏ដោយក៏អាចមានផ្ទៃពោះដែរអ៊ីចឹងគួរប្រើថ្នាំពន្យារកំណើតចៀសវាង ការមានផ្ទៃពោះឥតព្រាងទុក។ ករណីបាត់រដូវ ២-៣ ដង ក៏មិនមានបញ្ហាធ្ងន់ធ្ងរដែរ។ ការរៀបចំជីវិតយើងឱ្យល្អទាំងផ្លូវចិត្ត និងផ្លូវកាយ អាចជួយដោះស្រាយបញ្ហានេះបានច្រើន។
អត្ថបទដោយ៖ KiloHEALTH