
ធ្មេញ គឺជាផ្នែកដែលទាក់ទាញបំផុតសម្រាប់ការប្រាស្រ័យទាក់ទងប្រចាំថ្ងៃ។ ស្នាមញញឹមដែលអមដោយធ្មេញដូចភ្លុក គឺជាសម្រស់ដែលមិនអាចបំភ្លេចបាននៅពេលជួបគ្នាដំបូង។ ដូចនេះ ការថែទាំធ្មេញ គឺជាភារកិច្ចចាំបាច់បំផុតដែលយើងម្នាក់ៗមិនអាចមើលរំលងបាន។ ទម្លាប់ល្អទាំង ៥ ដូចខាងក្រោមអាចថែរក្សាធ្មេញរបស់អ្នកឱ្យមានសុខភាពល្អបាន៖
១. ដុសធ្មេញ ២ ដងក្នុង ១ ថ្ងៃ ដោយក្នុង ១ ដង ២ នាទី៖
សម្អាតមាត់ធ្មេញ ១ ថ្ងៃ ២ ដង និង ២ នាទី ម្ដងជាមួយនឹងច្រាស់សរសៃទន់នឹងថ្នាំដុសធ្មេញមានជាតិផ្លុយអររ៉ាយ ដើម្បីសម្អាតកម្ទេចអាហារនិងបាក់តេរីដែលមាននៅក្នុងមាត់។
២. ដុសសម្អាតមាត់ធ្មេញពេលព្រឹក៖
សីតុណ្ហភាពនៅក្នុងមាត់ពេលព្រឹក គឺ ៩៨.៦ ដឺក្រេហ្វារិនហៃ ដែលពោរពេញទៅដោយសារធាតុល្អិតៗ និងបាក់តេរី ដែលសេសសល់ពីពេលយប់នឹងបង្កទៅជាកំបោរ ( Plaque )។ កំបោរនេះនឹងវិវឌ្ឍទៅជារឹង និងស្អិតជាប់លើធ្មេញរបស់អ្នក។ លើសពីនេះទៅទៀតវាមិនត្រឹមតែរំខានអញ្ចាញធ្មេញនោះទេ វាថែមទាំងធ្វើឱ្យមានជំងឺអញ្ចាញដែលធ្វើឱ្យមានក្លិនមាត់ផងដែរ។
៣. មិនត្រូវដុសសម្អាតហួសកំណត់៖
ប្រសិនបើអ្នកដុសសម្អាតធ្មេញលើពី ៣ ដងក្នុង ១ ថ្ងៃ និងលើស ៤ នាទីក្នុង ១ ដង ដោយប្រើកម្លាំងខ្លាំងៗ នោះអ្នកនឹងប្រឈមមុខនឹងការសឹករិចរិលនៃកាចាធ្មេញដែលជាស្រទាប់ដ៏រឹងមាំសម្រាប់ការពារធ្មេញរបស់អ្នកពីភាពស្រៀវសង្កៀរ។
៤. ទាក់ខ្សែសម្អាតធ្មេញជារៀងរាល់ថ្ងៃ៖
អ្នកអាចប្រើខ្សែទាក់ធ្មេញមុន ឬក្រោយដុសសម្អាតក៏បាន។ ការប្រើខ្សែទាក់មានសារៈសំខាន់ណាស់ក្នុងការសម្អាតកាកសំណល់ចំណីអាហារចេញពីចន្លោះធ្មេញ ដែលយើងសម្អាតមិនដល់។ ហើយដើម្បីងាយស្រួលសម្អាតយកកំបោរធ្មេញចេញ អ្នកអាចទៅជួបទន្តបណ្ឌិតដើម្បីធ្វើការសម្អាត។
៥. ចៀសវាងការទទួលទានសូដា៖
អ្នកគួរតែប្រុងប្រយ័ត្ននៅពេលទទួលទានភេសជ្ជៈ ជាពិសេសសូដា ព្រោះជាតិអាស៊ីតនៅក្នុងសូដាអាចកាត់កាចាធ្មេញរបស់អ្នក ដែលជាមូលហេតុបង្កឱ្យមានរោគពុកធ្មេញ។
អត្ថបទដោយ៖ KiloHEALTH