
និយមន័យ
បេះដូងរីកកើតឡើងនៅពេលសាច់ដុំបេះដូងប្រែទៅជាក្រាស់ ឬថតណាមួយរបស់បេះដូងរីក ដែលធ្វើ ឱ្យបេះដូងរីកធំខុសពីទំហំធម្មតា។ បេះដូងអាចរីកធំជាបណ្តោះអាសន្ន ឬជាអចិន្រ្តៃយ៍ អាស្រ័យ លើកត្តាបង្ក។
តើមានកត្តាអ្វីខ្លះបណ្តាលឱ្យបេះដូងយើងរីកធំខុសធម្មតា?
នៅពេលបេះដូងយើងធ្វើការលើសកម្រិតវាអាចរីកធំ។ បេះដូងរីកធំអាចជាលទ្ធផលនៃការមានភាព តានតឹងរយៈពេលខ្លីលើរាង្គកាយដូចជាការមានផ្ទៃពោះ ឬបណ្តាលមកពីជំងឺដូចជា៖
១. ជំងឺលើសសម្ពាធឈាម
ជំងឺលើសសម្ពាធឈាមធ្វើឱ្យសរសៃឈាមបេះដូងរួមតូច ប៉ះពាល់ដល់លំហូរឈាមទៅ កាន់ផ្នែក ផ្សេងៗនៃរាង្គកាយ ដូច្នេះបេះដូងយើងត្រូវប្រឹងច្របាច់ឈាមកាន់តែខ្លាំងដើម្បី បញ្ជូនឈាមទៅកាន់ រាង្គកាយទាំងមូល។ ជាលទ្ធផលវាធ្វើឱ្យសាច់ដុំបេះដូងឡើងក្រាស់ និងរីកធំ។
២. ជំងឺប្រឹសបេះដូង
ប្រឹសទាំងបួននៅក្នុងបេះដូងយើងរក្សាឈាមឱ្យហូរតាមទិសដៅត្រឹមត្រូវ។ បេះដូងរបស់យើងអាចរីក ធំ ប្រសិនបើប្រឹសបេះដូងខូចដោយសារ ជំងឺរលាកសន្លាក់ឆ្អឹង ជំងឺខូចបេះដូងពីកំណើត ជំងឺរលាក ភ្នាសបេះដូង ជំងឺបេះដូងដើរខុសចង្វាក់ ជំងឺជាលិកាតំណ ការព្យាបាលមហារីកដោយថ្នាំ ឬដោយ កាំរស្មី ។
៣. ជំងឺសាច់ដុំបេះដូង
ជំងឺនេះធ្វើឱ្យបេះដូងយើងពិបាកក្នុងការច្របាច់ឈាមទៅចិញ្ចឹមរាង្គកាយទាំងមូល។ នៅពេលជំងឺនេះ កាន់តែធ្ងន់ធ្ងរបេះដូងរបស់យើងអាចរីកធំដោយសារការព្យាយាមច្របាច់ឈាមបន្ថែម។
៤. ជំងឺទឹកដក់ក្នុងស្រោមបេះដូង
ការមានសារធាតុរាវនៅក្នុងស្រោមបេះដូងក៏ធ្វើឱ្យបេះដូងរីកធំដែរ។
៥. ជំងឺស្លេកស្លាំងដោយសារខ្វះគ្រាប់ឈាមក្រហម
ជំងឺនេះកើតឡើងដោយសារកង្វះកោសិកាឈាមក្រហមដែលមាននាទី ដឹកនាំអុកស៊ីសែនទៅគ្រប់ជា លិការបស់យើង។ បេះដូងរបស់យើងត្រូវច្របាច់ឈាមបន្ថែមដើម្បីបំពេញកង្វះអុកស៊ីសែន នៅក្នុងឈាម។
៦. ជំងឺសរសៃឈាមបេះដូង
កំណកខ្លាញ់នៅក្នុងសរសៃឈាមបេះដូងធ្វើឱ្យរាំងស្ទះ ដល់លំហូរឈាមតាមសរសៃឈាមបេះដូង។ នៅពេលផ្នែកមួយរបស់សាច់ដុំបេះដូងគាំងងាប់ បេះដូងយើងត្រូវច្របាច់ឈាម បន្ថែមដើម្បី បញ្ចូនឈាមទៅរាង្គកាយទាំងមូល។ ជាលទ្ធផលវាធ្វើឱ្យបេះដូងរីកធំ។
៧. ជំងឺក្រពេញទីរ៉ូអ៊ីត
ជំងឺនេះអាចបណ្តាលឱ្យមានបញ្ហាបេះដូង រួមទាំងធ្វើឱ្យបេះដូងរីកធំ។
៨. លើសជាតិដែកក្នុងខ្លួន
បញ្ហាលើសជាតិដែកកើតឡើងនៅពេលរាង្គកាយយើងមិនអាចរំលាយជាតិដែកបានល្អ ដែលបណ្តាល ឱ្យជាតិដែកកកនៅតាមសរីរាង្គផ្សេងៗរួមទាំងបេះដូង។ បញ្ហានេះអាច បណ្តាលឱ្យថតបេះដូងខាង ឆ្វេងរីកធំដោយសារតែសាច់ដុំបេះដូងចុះខ្សោយ។
តើបេះដូងរីកធំមានអាការៈអ្វីខ្លះ?
អ្នកដែលមានបេះដូងរីកធំអាចមានអាការៈដូចខាងក្រោម៖
- វិលមុខ
- ហើម ជាពិសេសនៅជើង ប្រអប់ជើង ឬពោះ
- អស់កម្លាំងខ្លាំងខុសពីធម្មតា
- បេះដូងលោតញាប់
- ណែន ឬតឹងទ្រូង
បេះដូងរីកធំធ្វើឱ្យបេះដូងមានបញ្ហាក្នុងការច្របាច់ឈាម ដែលអាចបង្កផលវិបាកទៅជាជំងឺខ្សោយ បេះដូង ឬដាច់សរសៃឈាមខួរក្បាល។ ប្រសិនបើយើងមានអាការៈដូចខាងលើ ត្រូវទៅជួប វេជ្ជបណ្ឌិតឯកទេសបេះដូងជាបន្ទាន់។
អត្ថបទដោយ៖ KiloHEALTH