មកយល់ដឹងពីបញ្ហាស្បែកមុខឡើងជាំ

image

និយមន័យ 
ជាំ គឺជាការកើតឡើងនូវពណ៌លើស្បែកដែលបណ្ដាលឱ្យពណ៌ស្បែកប្រែជាពណ៌ខ្មៅ ឬពណ៌ក្រមៅជាងស្បែកធម្មតា ។ គេសង្កេតឃើញថា ៩០% នៃមនុស្សស្រីបានកើតជំងឺនេះច្រើនជាងបុរស ដែលចាប់ពីវ័យ ២០ឆ្នាំឡើងទៅ ។

រោគសញ្ញា 
រោគសញ្ញានៃមុខជាំ គឺយើងអាចមើលឃើញនៅលើផ្ទៃមុខផ្ទាល់នឹងភ្នែកតែម្តង ពិសេសគឺនៅលើថ្ពាល់ ថ្ងាស ច្រមុះ ហើយនិងចង្ការ ដោយស្បែកធម្មតារបស់យើងប្ដូរពណ៌ទៅជាខ្មៅ ឬក្រមៅ។

មូលហេតុ 
មូលហេតុពិតប្រាកដដែលបណ្តាលឱ្យមានជំងឺជាំមុខនេះជាក់ស្ដែង គឺការហាលថ្ងៃក្រោមពន្លឺព្រះអាទិត្យ (UV-B និង  UV-A) បញ្ហាបម្រែបម្រួលអរម៉ូន ជាពិសេសកើតឡើងលើស្រ្តីមានផ្ទៃពោះ ស្រ្ដីដែលប្រើថ្នាំពន្យារកំណើត ឬក៏ប្រើថ្នាំលើសកម្រិតដែលបណ្តាលឱ្យប៉ះពាល់រលាកស្បែកមុខ កត្តាស្រ្តេសក៏ជាកត្តាដែលអាចឱ្យមានការជាំមុខផងដែរ។

ការព្យាបាល 
ការព្យាបាលមានការលំបាកព្យាបាលឱ្យជាដាច់ក្នុងរយៈពេលខ្លីណាស់ មានន័យថាការព្យាបាលត្រូវប្រើពេលយូរ ឬសឹងតែអស់មួយជីវិតទៅតាមដំណាក់កាលនីមួយៗ លើកលែងតែជាំដោយសារការមានផ្ទៃពោះជាទូទៅក្រោយពេលសម្រាលកូន ៦ខែ ជាំអាចវិវឌ្ឍន៍ទៅជាសះស្បើយវិញដោយខ្លួនឯង។ រីឯជាំបណ្តាលមកពីការលេបថ្នាំពន្យារកំណើតក្រោយពីបញ្ចប់ការលេបក៏ត្រឡប់មកធម្មតាវិញដូចគ្នាដែរ។  
គ្រូពេទ្យបានណែនាំថា ការព្យាបាលមួយដ៏សំខាន់ គឺការប្រើថ្នាំការពារកំដៅថ្ងៃ Sun Block ឬ Sun Skin លាបនៅលើស្បែកមុខមានស្នាមជាំ ដើម្បីបំបាត់ស្នាមជាំនោះ ហើយបន្ទាប់ពីស្បែកជាដូចដើមវិញ យើងត្រូវការពារផ្ទៃមុខពីកំដៅថ្ងៃ បង្ការកុំឱ្យមុខជាំឡើងវិញ។ ត្រូវដឹងថា បើទោះបីជាផ្ទៃមុខរបស់អ្នកព្យាបាលជាសះស្បើយក៏ដោយ តែស្នាមជាំនឹងអាចត្រឡប់មកវិញបានគ្រប់ពេលវេលា ប្រសិនបើអ្នកមិនបានយកចិត្តទុកដាក់ថែរក្សា និងការពារផ្ទៃមុខពីកំដៅ ឬពន្លឺព្រះអាទិត្យ។

ដូច្នេះ វិធីបង្ការដ៏មានប្រសិទ្ធភាពបំផុតកុំឱ្យមុខងាយនឹងឡើងជាំវិញ គឺធ្វើយ៉ាងណាការពារកុំឱ្យមុខប៉ះពន្លឺថ្ងៃ ឬពន្លឺព្រះអាទិត្យ ដូចជា ទៅណាមកណា លាបឡេ Sun Block ឬ Sun Skin ដែលមានកម្រិតចាប់ពី 30 FPA ឡើងទៅ និងអាចយកអ្វីមកបិទបាំងមុខរបស់ខ្លួនផង (ពាក់ម៉ាស់ បាំងឆ័ត្រ...)។   
  
វិធីបង្ការ

  • កុំហាលថ្ងៃ បើនៅក្រោមពន្លឺព្រះអាទិត្យត្រូវលាបគ្រីមការពារកម្ដៅថ្ងៃ 
  • ព្យាយាមធ្វើឱ្យខ្លួនឯងកុំស្រ្តេស និងកុំគិតច្រើន ព្រោះកត្តាទាំងពីរនេះជាមូលហេតុបង្កឱ្យអរម៉ូនកើនឡើងកាន់តែខ្លាំងទៅជាជាំមុខ
  • ចំពោះស្រ្តីមានផ្ទៃពោះ ក្រោយពីសម្រាលកូនរួចប្រហែល ៣ខែ ស្នាមជាំនៅលើផ្ទៃមុខអាចនឹងបាត់ទៅវិញដោយខ្លួនឯង តែក្នុងករណីស្នាមជាំមិនបាត់ទៅវិញទេ សូមប្រញាប់មកជួបគ្រូពេទ្យជំនាញជាបន្ទាន់ ដើម្បីព្យាបាលឱ្យស្បែកមុខត្រឡប់មកដូចដើមវិញ។

អត្ថបទដោយ៖ KiloHEALTH