
កុមារជាវ័យដែលឆាប់ ទទួលរងនូវបញ្ហាផ្លូវចិត្តណាស់ ។ ថ្វីត្បិតតែកុមារមិនចេះដោះស្រាយនូវរាល់បញ្ហាទាំងឡាយដែលកើតឡើងដូចមនុស្សធំមែន។ ប៉ុន្តែកុមារឆាប់មានភាពស្រគត់ស្រគំ យំសោកសង្រេង ឆាប់តក់ស្លុត ឬឆាប់រំជួលចិត្តនៅពេលជួបរឿងអ្វីមួយពីមជ្ឈដ្ឋានខាងក្រៅ។ ជាពិសេសកុមារដែលទទួលនូវបញ្ហាផ្លូវចិត្ត ភាគច្រើនបណ្តាលមកពីសង្គមគ្រួសារផ្តល់ឱ្យកុមារ ច្រើនជាងទទួលឥទ្ធិពលពីសង្គមខាងក្រៅ។
វីធីសាស្រ្តថែទាំសុខភាពផ្លូវចិត្តរបស់កុមារមានដូចជា ៖
១. កសាងទំនុកចិត្តរវាងឪពុកម្តាយ និងកូន
ការកសាងទំនុកចិត្តរវាងឪពុកម្តាយ និងកូន ដើរតួយ៉ាងសំខាន់ចំពោះសុខភាពផ្លូវចិត្តរបស់ពួកគេ ដោយហេតុថាការធ្វើបែបនេះអាចធ្វើឱ្យពួកគេកាន់តែមានអារម្មណ៍ថាមានសុវត្ថិភាព និងមានសន្តិភាពក្នុងចិត្ត។ ទំនុកចិត្តអាចកើតឡើងទៅបាននៅពេលដែលអ្នកបានបង្ហាញពីការយកចិត្តទុកដាក់ទាំងផ្លូវកាយ និងផ្លូវចិត្តចំពោះពួកគេ។
២. បង្រៀនកូនអ្នកពីវិធីសាស្រ្តក្នុងការគ្រប់គ្រងស្ត្រេស
ជាការពិតណាស់ យើងគ្រប់គ្នាមិនអាចគេចផុតពីបញ្ហាស្ត្រេសបានឡើយ ប៉ុន្តែ អ្វីដែលយើងអាចធ្វើនោះគឺការគ្រប់គ្រងបញ្ហានេះ ដោយមិនឱ្យវាបង្កជាបញ្ហាធំ ដែលអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តអ្នកកាន់តែខ្លាំង។ ដូចគ្នានេះដែរ កុមារជាប្រភេទបុគ្គលដែលងាយនឹងរងការប៉ះទង្គិចពីខាងក្រៅ ជាពិសេសការប៉ះទង្គិចមកលើផ្លូវចិត្តរបស់ពួកគេតែម្តង ដូច្នេះអ្នកដែលជាឪពុកម្តាយគួរធ្វើការសង្កេតមើលថា តើអ្វីជាចំណង់ចំណូលចិត្តរបស់ពួកគេ ដើម្បីបន្ថយបញ្ហាស្ត្រេសទាំងនេះ ក៏ដូចជាថាតើអ្នកគួរជួយពួកគេក្នុងការដោះស្រាយបញ្ហាបែបណា ខណៈពេលដែលឪពុកម្តាយ ជាបុគ្គលដែលធ្លាប់ឆ្លងកាត់បទពិសោធន៍ច្រើនជាងពួកគាត់។
៣. ជំរុញទំនាក់ទំនងល្អជាមួយអ្នកដទៃ
ទំនាក់ទំនងរវាងឪពុកម្តាយ និងកូនជារឿងចាំបាច់ តែនេះមិនមែនជាទំនាក់ទំនងតែមួយដែលគួរតែមាននោះទេ។ កូនដែលមានសុខភាពផ្លូវចិត្តល្អ នៅពេលពួកគេមានទំនាក់ទំនងជាច្រើន ដែលក្នុងនោះ រួមទាំងការមានទំនាក់ទំនងជាមួយសមាជិកគ្រួសារផ្សេងទៀតដូចជា ជីដូនជីតា បងប្អូន មិត្តភក្តិ និងអ្នកជិតខាង។ សូមទុកពេលវេលាខ្លះឲ្យពួកគេអាចសាងទំនាក់ទំនងរវាង មិត្តភក្តិ និងសមាជិកគ្រួសារផ្សេងទៀត ដើម្បីឱ្យពួកគេអាចយល់ច្បាស់ពីភាពខុសៗគ្នានៃការប្រាស្រ័យទាក់ទងទាំងនោះ។
៤. អភិវឌ្ឍការមានជំនឿជាក់លើខ្លួនឯង
ឪពុកម្តាយអាចជួយកូនរបស់ពួកគេតាមរយៈវិធីសាស្រ្តច្រើនយ៉ាង ដែលអាចមានដូចជា៖
- ផ្តល់ជាការសរសើរ រង្វាន់ និងកម្លាំងចិត្តចំពោះអ្វីដែលពួកគេបានធ្វើ និងកំពុងតែធ្វើ
- ផ្តល់ឱកាសឱ្យពួកគេអាចធ្វើការងារដោយឯករាជ្យ
- ផ្តល់ឱកាសឱ្យពួកគេបញ្ចេញយោបល់ ឬមតិដែលពួកគេមាន
- ជំរុញ និងលើកទឹកចិត្តពួកគេក្នុងការអភិវឌ្ឍជំនាញថ្មីៗ
- ធ្វើជាគំរូល្អដល់ពួកគេ។
៥. បង្កើតឱ្យមានទម្លាប់ល្អ
របបអាហារល្អ ទម្លាប់នៃការគេងល្អ និងការធ្វើលំហាត់ប្រាណជាប្រចាំ គឺមិនទាន់គ្រប់គ្រាន់ដើម្បីធ្វើឱ្យសុខភាពផ្លូវកាយរបស់កូនអ្នកមានភាពល្អប្រសើរនៅឡើយទេ តែត្រូវមានការរួមផ្សំជាមួយការរក្សាសុខភាពផ្លូវចិត្តឱ្យបានល្អផងដែរ។ ឪពុកម្តាយត្រូវបង្រៀនពួកគេឱ្យចេះអភិវឌ្ឍទម្លាប់ល្អ ដែលអាចរក្សាបានទាំងរូបរាង និងសុខភាពផ្លូវចិត្តល្អទៀតផង។ មានការស្រាវជ្រាវជាច្រើនដែលបង្ហាញថា ការគោរព និងការដឹងគុណអាចមានឥទ្ធិពលយ៉ាងខ្លាំងលើសុខភាពផ្លូវចិត្ត។ ដូច្នេះ ឪពុកម្តាយគួរបង្រៀនពួកគាត់ឱ្យចេះពីវិធីនេះក្នុងជីវិតប្រចាំថ្ងៃ។
៦. ស្វែងរកជំនួយពីអ្នកជំនាញ
ប្រមាណជា ២១% នៃកុមារដែលមានបញ្ហាសុខភាពផ្លូវចិត្ត ត្រូវការទទួលបានការព្យាបាល។ នោះមានន័យថា កុមារភាគច្រើនដែលមានបញ្ហាសុខភាពផ្លូវចិត្ត មិនទទួលបានជំនួយដែលពួកគេត្រូវការឡើយនៅពេលពួកគេមានបញ្ហា។ ការស្វែងរកជំនួយពីគ្រូពេទ្យជំនាញ មិនត្រឹមតែអាចជួយបង្កើនសុខភាពផ្លូវចិត្ត របស់កូនអ្នកប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចផ្តល់នូវធនធាន និងការគាំទ្រដល់មាតាបិតាដែលកំពុងជួបការលំបាកផងដែរ។ ប្រសិនបើឪពុកម្តាយបានឃើញពីបញ្ហាមិនប្រក្រតីដែលកើតឡើងចំពោះកូន តែមិនអាចជួយដោះស្រាយបាន សូមប្រញាប់នាំកូនទៅជួបជាមួយអ្នកឯកទេស ឬគ្រូពេទ្យជំនាញដើម្បីធ្វើការដោះស្រាយជាបន្ទាន់។
អត្ថបទដោយ៖ KiloHEALTH