មូលហេតុអ្វីដែលបណ្ដាលឱ្យស្បែកក្បាលចេះតែកើតអង្គែ?

image

ពេល​ដែល​ស្បែក​ក្បាល​ស្ងួត កោសិកា​ដែល​ងាប់​វា​នឹង​របក​ចេញ​។ ស្បែកក្បាលមានអង្គែ ឬរបកសៗ តែងបង្កការរំខានដោយការរមាស់ក្បាល និងធ្វើឱ្យអ្នកខ្មាស់ដោយសារកម្ទេសសៗធ្លាក់ប្រលាក់លើសម្លៀកបំពាក់របស់អ្នក ប៉ុន្តែភាគច្រើនវាមិនឆ្លង ឬមានភាពធ្ងន់ធ្ងរឡើយ តែយ៉ាងណាមិញ ផលវិបាកដ៏កម្រមួយទៀត វាអាចមានមេរោកចូលតាមស្បែករបកនោះ បង្កឱ្យមានខ្ទុះ ស្នាមប្រែទៅក្រហម និងមានការឈឺចាប់ខ្លាំង ដែលតម្រូវឱ្យអ្នកជួបគ្រូពេទ្យដើម្បីព្យាបាលជាបន្ទាន់។
ការកកើតនៃអង្គែនៅលើស្បែកក្បាល អាចបង្កមកពីមូលហេតុជាច្រើន ដូចជា៖ 

  •  អាកាសធាតុ​ប្រែ​ប្រួល ៖ ក្នុង​អំឡុង​ពេល​រដូវ​ក្ដៅ ឬ​រដូវ​រងា​ ស្បែក​​ក៏​ប្រែ​ទៅ​ជា​ស្ងួត​ដែរ។ ការ​នៅ​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់​យូរ ឬ​នៅ​ជិត​ម៉ាស៊ីន​កម្ដៅ​យូរ​ក៏​ធ្វើ​​ឱ្យស្បែក​ក្បាល​យើង​ស្ងួត​ដែរ​។
  • ការខ្ជិល​ ៖ មិនសូវកក់សក់ធ្វើឱ្យស្បែកក្បាលឡើងប្រេងខ្លាំង កកដុំៗ ក្លាយជាអង្គែ
  • ខ្វះ​ជាតិទឹក ៖ រាង​កាយ​ខ្វះ​ជាតិទឹក​ធ្វើ​ឱ្យស្បែក​យើង​ស្ងួត​។ ការ​ខ្វះ​ជាតិ​ទឹក​ក៏​ធ្វើ​ឱ្យ​ស្បែក​ក្បាល​ស្ងួត​ដូច​គ្នា ដែល​អាច​នាំ​ឱ្យ​កើត​ជា​អង្គែ​
  • ការរលាក ៖ ដែលច្រើនកើតរួមជាមួយសញ្ញាក្រហមស្បែកក្បាល របកស ឬលឿង
  • ស្ត្រេស ​៖ ស្ត្រេស​ធ្វើ​ឱ្យ​អ័រម៉ូន​មិន​មាន​តុល្យភាព ការ​មិន​មាន​តុល្យ​ភាព​នៃ​អ័រម៉ូន​ក៏​ជា​មូល​ហេតុ​មួយ​នាំ​ឱ្យ​ស្បែក​ក្បាល​ឡើង​អង្គែ​ដែរ​។

ដំណោះស្រាយ
អង្គែអាចកើតម្តងហើយម្តងទៀតបានគ្រប់ពេលបើមិនរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួនទេនោះ។ ដូច្នេះ អ្នកត្រូវរក្សាស្បែកក្បាល ដោយកក់សក់ជាទៀងទាត់យ៉ាងហោចណាស់៣ ដងក្នុងមួយសប្តាហ៍ និងធ្វើការម៉ាស្សាថ្នមៗ។ សម្រាប់​បញ្ហា​អង្គែ​កម្រិត​ស្រាល ជា​ដំបូង​យើង​អាច​សាកល្បង​ប្រើ​សាប៊ូ​កក់​សក់​លាង​សម្អាត​ប្រេង និង​កោសិកា​ស្បែក​ងាប់​ជាប់​នៅ​លើ​ស្បែក​ក្បាល​។ ចៀសវាងការប្រើសារធាតុគីមីលើស្បែកក្បាល ដូចជាលាបពណ៌សក់ ជែលលាបសក់ ស្ព្រាយបាញ់សក់ និងកាត់បន្ថយស្ត្រេសជាដើម ។

អត្ថបទដោយ៖ KiloHEALTH